អង្គការសហប្រជាជាតិកំណត់និយមន័យអេកូទេសចរណ៍ថាជា “ទម្រង់ទេសចរណ៍ធម្មជាតិទាំងអស់ ដែលការលើកទឹកចិត្តចម្បងរបស់ភ្ញៀវគឺការសង្កេត និងការឱ្យតម្លៃនៃធម្មជាតិ ក៏ដូចជាវប្បធម៌ប្រពៃណីដែលកើតមាននៅក្នុងតំបន់ធម្មជាតិ”។18 ខណៈពេលដែលសហគមន៍ទេសចរណ៍ធម្មជាតិមានការចូលរួមពីសហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិដោយផ្ទាល់ ដែលពួកគេនឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈសកម្មភាពទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគេ។19 ទេសចរណ៍ធម្មជាតិតាមសហគមន៍បង្កើតផលចំណេញសម្រាប់មូលដ្ឋាន មិនត្រឹមតែបុណ្ណោះវាក៏ជួយថែរក្សាធនធានធម្មជាតិ និងបរិស្ថានផងដែរ។ សម្រាប់ប្រទេសដែលសម្បូរទៅដោយទេសភាពធម្មជាតិ និងភាពទាក់ទាញ កម្ពុជាមានសក្ដានុពលក្នុងការអភិវឌ្ឍអេកូទេសចរណ៍។20
ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ អេកូទេសចរណ៍ធម្មជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ មូលហេតុចម្បងនៃការផ្លាស់ប្តូរនេះគឺដោយសារការផ្តល់អាទិភាពរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៏ និងតម្រូវការសម្រាប់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ នៅឆ្នាំ២០១៧ ក្រុមការងារអេកូទេសចរណ៍អន្តរក្រសួងត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ដែលមានសក្តានុពលលើវិស័យទេសចរណ៍នៅកម្ពុជា។21 លើសពីនេះទៀត នៅឆ្នាំ២០២១ ដោយផ្អែកលើភាពជោគជ័យរបស់ក្រុមការងារអន្តរក្រសួង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៏ទេសចរណ៍ និងអេកូទេសចរណ៍ (NCDCBE) ត្រូវបានបង្កើតឡើង។22