ទោះបីជាទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏វិស័យទេសចរណ៍របស់កម្ពុជានៅតែមានកន្លែងសម្រាប់កែលម្អ និងទាញយកសក្តានុពល។ ដោយការពឹងផ្អែកយ៉ាងខ្លាំងលើប្រាសាទអង្គរវត្តជាតំបន់ទេសចរណ៍សំខាន់ វាបានធ្វើឱ្យវិស័យទេសចរណ៍របស់ប្រទេសកម្ពជាងាយរងគ្រោះទៅនឹងបញ្ហាពីខាងក្រៅ។ ជាឧទាហរណ៍ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញឱ្យឃើញទិដ្ឋភាពជាក់ស្តែងសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ការរឹតបន្តឹងការធ្វើដំណើរ និងការបិទច្រកព្រំដែន ជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មពាក់ព័ន្ធទេសចរណ៍ទាំងអស់ ជាពិសេសនៅក្នុងខេត្តដែលជំរុញដោយទេសចរណ៍ ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ជម្រើសគោលដៅទេសចរណ៏មានកំណត់ក៏ជាបញ្ហាដែរ។ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីរក្សារយៈពេលនៃការស្នាក់នៅជាមធ្យមរបស់ភ្ញៀវទេសចរឱ្យនៅខ្ពស់។ ក្នុងឆ្នាំ២០១៨ រយៈពេលជាមធ្យមនៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិគឺ ៧ ថ្ងៃ ដែលមានរយៈពេលមួយថ្ងៃខ្លីជាងឆ្នាំ១៩៩៥។35 ជាធម្មតា ការស្នាក់នៅយូរមានន័យថាចំណាយកាន់តែច្រើន ដូច្នេះក៏អាចបង្កើតប្រាក់ចំណូលកាន់តែច្រើនសម្រាប់វិស័យនេះផងដែរ។ ការធ្វើពិពិធកម្មវិស័យទេសចរណ៍ឱ្យលើសពីការទស្សនាប្រាសាទនឹងទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរព្រោះវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ពួកគេក្នុងការកំសាន្ត។ រដ្ឋាភិបាលបានទទួលស្គាល់អេកូទេសចរណ៍ជាដំណោះស្រាយមួយក្នុងការធ្វើពិពិធកម្មឧស្សាហកម្មទេសចរណ៍។ លើសពីនេះ តំបន់សម្រាប់ធ្វើពិពិធកម្មទេសចរណ៍ គឺតំបន់ឆ្នេរ តំបន់ភាគឦសាន និងតំបន់ទេសភាពធម្មជាតិ ដូចជា ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
បញ្ហាមួយទៀតដែលទាក់ទងនឹងវិស័យទេសចរណ៍របស់កម្ពុជា គឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូននៅមានកម្រិត។36 ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូននៅក្នុងតំបន់ផ្សេងទៀត ក្រៅពីគោលដៅអន្តរជាតិដ៏ពេញនិយម តែងតែមានគុណភាពអន់ និងមិនសូវមានការអភិវឌ្ឍន៍។ ផ្លូវថ្នល់ បណ្តាញតភ្ជាប់ អគ្គិសនី ទឹកស្អាត និងអនាម័យនៅតំបន់ទេសចរណ៍ដាច់ស្រយាលអាចនឹងមិនបំពេញតម្រូវចិត្តរបស់ភ្ងៀវទេសចរ។37 ការដាក់អនុវត្តនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គឺជាការព្យាយាមរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ និងធ្វើពិពិធកម្មវិស័យនេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។
សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានព្យាករថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤ លាននាក់ ដែលផ្តល់នូវទិដ្ឋភាពវិជ្ជមានសម្រាប់ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ នៅក្នុងវិស័យទេសចរណ៍។38 វិស័យនេះអាចរកចំណូលបាន ៤ ពាន់លានដុល្លារសម្រាប់ប្រទេស។39