ក្នុងនាមស្ថាប័នដែលជាតំណាងសហជីព និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិការងារនៅកម្ពុជា ចំនួនជាង ៥០ ដែលមានរាយនាមខាងក្រោម យើងខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកអំពើហិង្សាលើស្ត្រីជា កម្មវិធីអាទិភាពមួយតម្រូវឱ្យក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិលចូលរួមអនុវត្ត ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឃន៍ប្រកបដោយ ចីរភាព ជាពិសេស តាមរយៈក្រសួងកិច្ចការនារីដែលបានដឹកនាំកិច្ចការងារលើកកម្ពស់សិទ្ធិ និងស្ថានភាពរស់នៅរបស់ស្ត្រី និងបង្កើនសមភាពយេនឌ័រឱ្យបានល្អប្រសើរ ។ ក្នុងនោះរួមមាន ការតាំងចិត្តធ្វើឱ្យល្អប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ជាតិ ប្រយោជន៍គាំពារ និងការពារសិទ្ធិស្ត្រីពីអំពើហិង្សាដែលជាឧបសគ្គរារាំងដល់ការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ និងកិច្ចអភិវឌ្ឍន៍ជាតិ ។ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងបញ្ចកោណទី៤ ៖ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន នៅមុំទី១ ស្តីពី ការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការបង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, និងកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទៅលើស្ត្រី និងក្មេងស្រី។
អំពើហិង្សាបង្កបញ្ហាជាច្រើននៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ ដូចជា បាត់បង់ថវិកាជាតិ និងគ្រួសារ បាត់បង់ផលិតភាព និងជម្រកសុវត្ថិភាពសម្រាប់ស្រ្តី រួមទាំងសេវាកម្មសង្គមផ្សេងៗទៀត។ ទោះបីយ៉ាងណា យើងសង្កេតឃើញថា ករណីអំពើហិង្សាគ្រប់ទម្រង់ និងការបៀតបៀនផ្លូវភេទលើស្ត្រី និងក្មេងស្រីបន្តកើតមានជារៀងរាល់ថ្ងៃ ទាំងនៅក្នុងផ្ទះ នៅតាមដងផ្លូវ សាលារៀន និងកន្លែងការងារ រួមទាំងវិស័យសាធារណៈ និងវិស័យនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ស្ត្រី ក្មេងស្រី និងជនងាយរងគ្រោះក្នុងការចូលរួមដោយសកម្មក្នុងកិច្ចការសង្គម និងជួយអភិវឌ្ឍន៍ប្រទេស។
ក្នុងវិស័យការងារ កន្លងមកមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបមួយចំនួនបានកំណត់វិធានផ្ទៃក្នុងហាមឃាត់ការប្រើហិង្សាក្នុងកន្លែងការងារក៏ពិតមែន ប៉ុន្តែយោងតាមរបាយការណ៍របស់ អង្គការឃែរកម្ពុជា ឆ្នាំ២០១៧ និងរបាយការណ៍របស់មជ្ឈមណ្ឌលសាមគ្គីភាព ឆ្នាំ២០១៨ កម្មការិនីយ៉ាងហោច ១នាក់ ក្នុងចំណោម ៣នាក់ បានរាយការណ៍ថា ពួកគាត់រងនូវអំពើហិង្សា និងការបៀតបៀនពីសំណាក់អ្នកគ្រប់គ្រង និងអ្នករួមការងារជាមួយ។ ស្ថានភាពនៃអំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ រឹតតែធ្ងន់ធ្ងរចំពោះកម្មការិនីក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ សិល្បៈ និងវិស័យសារព័ត៌មាន ជាដើម។ ទន្ទឹមនឹងនេះ ផ្នត់គំនិតសង្គមដែលមានលក្ខណៈរើសអើងទៅលើស្ត្រី ប្រភេទការងាររបស់ស្ត្រី និងវប្បធម៌នៃការស្តីបន្ទោសស្ត្រីរងគ្រោះនៅតែបន្តកើតមានពីសំណាក់មន្ត្រីអ្នកផ្តល់សេវាផ្លូវច្បាប់ និងសេវាពាក់ព័ន្ធនានា។ ជាញឹកញាប់នៅពេលដែលស្រ្តីរងគ្រោះរាយការណ៍ករណីរបស់ខ្លួន ត្រូវបានស្តីបន្ទោសថា ករណីនោះកើតមកពីខ្លួនស្រ្តីផ្ទាល់ ឬ/និងបន្ទោសថាមិនមកប្តឹងភ្លាមបន្ទាប់ពីកើតហេតុ ឬការគ្មានភាពជឿជាក់លើយន្តការផ្នែកច្បាប់ក្នុងការដោះស្រាយបណ្ដឹង និងទាមទារយុត្តិធម៌ ទាំងយន្តការក្រៅប្រព័ន្ធតុលាការនិងក្នុងប្រព័ន្ធតុលាការ។ មានករណីខ្លះ អាជ្ញាធរបានបំភ័យស្ត្រីរងគ្រោះឱ្យបោះបង់ចោលនូវការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅវិញ តាម រយៈការបន្លាចស្ត្រីរងគ្រោះអំពីកាតព្វកិច្ចធ្វើត្រាប់ឡើងវិញ ឬការផ្តល់ព័ត៌មានទៅដល់ក្រុមគ្រួសារ ឬអាជ្ញាធរ ភូមិ ឃុំ ដែលនឹងធ្វើឱ្យបែកការសម្ងាត់របស់ស្ត្រីជាដើម។ ទាំងអស់នេះ គឺជាហេតុរារាំងស្ត្រី និងក្មេងស្រីរងគ្រោះភាគច្រើនក្នុងការរាយការណ៍ពីករណីអំពើហិង្សាដែលខ្លួនជួបប្រទះ និងធ្វើឱ្យបាក់ទឹកចិត្តក្នុងការទាមទារយុត្តិធម៌ ចំណែកឯជនប្រព្រឹត្តមិនត្រូវបានទទួលទោស ហើយអំពើហិង្សាគ្រប់ទម្រង់ និងការបៀតបៀននៅតែបន្តកើតមាននៅគ្រប់ទីកន្លែង រួមទាំងវិស័យសាធារណៈ និងវិស័យនយោបាយផងដែរ។
ជាក់ស្ដែង ការលើកឡើងរបស់បងប្អូនស្រី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងយុទ្ធនាការ១៦ថ្ងៃ ស្ដីពី«រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ» បានបញ្ជាក់ថា ពួកគេមិនហ៊ានរាយការណ៍អំពីករណីហិង្សា និងការបៀតបៀនដែលខ្លួនជួបប្រទះឡើយ ដោយខ្លាចបាត់បង់ការងារ និង មិនមានទំនុកចិត្តចំពោះយន្តការដោះស្រាយ។ មិនតែប៉ុណ្ណោះ ច្បាប់ស្ដីពីការងារ ឆ្នាំ២០០៧ និងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ព្រមទាំងសេចក្តីប្រកាសនានារបស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានពន្យល់ និងផ្តល់និយមន័យនៃពាក្យ ការបៀតបៀន និងកំរិតនៃការបៀតបៀនក្នុងពិភពការងារ សម្រាប់ សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រួមទាំងមិនមានយន្តការដោះស្រាយបណ្ដឹងឱ្យបានច្បាស់លាស់នៅឡើយ។
យោងតាមលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែល ឆ្នាំ២០២០ អំពើហិង្សាលើស្ត្រីក្នុងវិស័យ នយោបាយ គឺជាបទពិសោធដែលស្ត្រីបានជួបប្រទះជារៀងរាល់ថ្ងៃសម្រាប់ស្ត្រីដែលមានបំណងចូលរួមក្នុងឆាកនយោបាយ និងជាអ្នកនយោបាយ ។ ៧១ភាគរយ នៃអ្នកចូលរួមក្នុងការស្ទង់មតិបានជួបប្រទះនូវអំពើ ហិង្សាលើស្រ្តី ។ ៨២ភាគរយ បានប្រឈមនឹងការគំរាមកំហែង ។ ៧០,៩ភាគរយ ប្រឈមនឹងអំពើហិង្សាផ្លូវចិត្ត ។ ៣៤,៥ភាគរយ បានទទួលរងនូវការរំលោភបំពានលើរាងកាយ និង ៩,១ភាគរយ ទទួលរងការបៀតបៀនផ្លូវភេទ ។ ដូចគ្នាដែរ ការបៀតបៀនផ្លូវភេទបានកើតឡើងជាបន្តបន្ទាប់ក្នុងវិស័យសាធារណៈ ដូចជាករណីនៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២០ ស្នងការនគរបាលខេត្តកំពង់ធំបានប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទលើ មន្ត្រីនគរបាលជាស្ត្រីមួយចំនួន និងបានប្រើអំណាចជាអ្នកដឹកនាំប្រព្រឹត្តអំពើអសីលធម៌ ដោយបង្ខិតបង្ខំ និងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីនគរបាលជាស្ត្រីជាច្រើនរូប ។ ករណីកើតឡើងយើងឃើញថា ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមិនបានអនុវត្តឱ្យបានជាក់លាក់ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ទៅលើករណីបៀតបៀនផ្លូវ ភេទ។ ចំណាត់ការកន្លងមកក្នុងការបញ្ឈប់តំណែង និងបន្ថយឋានន្តរសក្តិដែលជាចំណាត់ការរដ្ឋបាល ឬការស្ងៀមស្ងាត់ចំពោះមន្ត្រីដែលមានអំណាច គឺមិនទាន់ជាដំណោះស្រាយពិតប្រាកដ និងមិនបានផ្តល់នូវយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះនៅឡើយ ហើយការណ៍នេះបង្កបន្តវប្បធម៌និទណ្ឌភាពទៅវិញ ។
បន្ថែមលើនេះទៀត ស្រ្តីជាច្រើនកំពុងប្រឈមនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅពេលដែលពួកគេកំពុងតវ៉ាក្នុងការអនុវត្តសិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេដូចជា ឈឹម ស៊ីថរ ជាប្រធានសហជីពទ្រ ទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនិងសហការីចំនួន៦រូប ត្រូវបានចាប់ខ្លួនដោយពួកគេអនុវត្តសិទ្ធិបញ្ចេញមតិ និងសិទ្ធិការងារក្នុងការដឹកនាំកូដកម្ម និងស្វែងរកដំណោះស្រាយការងាររួមកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
អាស្រ័យហេតុនេះ ក្នុងឱកាសដែលកម្ពុជាកំពុងចូលរួមប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០២៣ យើងខ្ញុំស្នើសុំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ មេត្តាពិចារណាផ្តល់សច្ចាប័នជាអាទិភាពលើ អនុសញ្ញាILO លេខ១៩០ ស្តីពី « ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ » របស់អង្គការអន្តរជាតិខាងការងារ ដោយមានហេតុផលដូចខាងក្រោមនេះ ៖
ជាចុងក្រោយ ស្ថាប័នយើងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីចូលរួមសហការជាបច្ចេកទេស និងផ្តល់នូវធាតុចូលដែលត្រូវការចាំបាច់នៅក្នុងដំណើរការដាក់ពាក្សសុំផ្តល់សច្ចាប័នទៅលើ អនុសញ្ញា ILO លេខ ១៩០ ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ ព្រមទាំងផ្ដល់សច្ចាប័នលើអនុសញ្ញាបីទៀតរួមមាន អនុសញ្ញា១៨៣ ស្តីពីការការពារមាតុភាព អនុសញ្ញា១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ និងអនុសញ្ញា១៤៤ ស្តីពីការពិគ្រោះយោបល់ត្រីភាគីរវាងរដ្ឋ និយោជក និងកម្មករនិយោជិត ។
ទំនាក់ទំនងព័ត៌មានបន្ថែម ៖
១. លោកស្រី សូ សុម៉ាល័យ មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកការងារនៃមជ្ឈមណ្ឌលសាមគ្គីភាព (SC) 085 679 467
២. កញ្ញា ជុន សុធារី ប្រធានក្រុមសិទ្ធិស្ត្រី និងយុទ្ធនាការនៃអង្គការអាក់សិនអេត 012 661 955
៣. លោកស្រី កាន់ សុភ័គ្រ អ្នកគ្រប់គ្រងគម្រោងបង្កើតដោយស្ត្រីនៃអង្គការឃែរកម្ពុជា 012 572 366
ចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមនេះដោយ៖