ប្រជាជនខ្មែរប្រមាណ ៩០ភាគរយ គោរពព្រះពុទ្ធសាសនា ខណៈព្រះពុទ្ធសាសនា (បែបហីនយាន) ត្រូវបានចាត់ទុកជាស្ថាប័នជាតិកំពូលមួយធៀបនឹងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងបាវចនាជាតិដូច្នេះថា៖ “ជាតិ សាសនា ព្រះមហាក្សត្រ”។ ខណៈប្រជាជនខ្មែរទូទៅ (រួមទាំងព្រះមហាក្សត្រផង) មានជំនឿថាព្រះសង្ឃជាសាវ័កព្រះសម្មាសម្ពុទ្ធ។ ប្រជាជនខ្មែរជាច្រើនតែងតែគោរពប្រណិប័តន៍ និងជួយផ្គត់ផ្គង់ព្រះសង្ឃទុកជាបុគ្គលដ៏ខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាអ្នកប្រៀនប្រដៅមនុស្សលោកឱ្យយល់ត្រូវ ប្រព្រឹត្តប្រាសចាកពីរឿងមិនល្អដែលសង្គមស្អប់ខ្ពើមជាដើម តមកជាទំនៀមតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ វត្តមាននៃចំនួនវត្តអារាមដ៏ច្រើនលើសលុបនៅទូទាំងប្រទេសកម្ពុជា ទាំងនៅទីប្រជុំជន និងទីជនបទ ក៏បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរទៅលើព្រះពុទ្ធសាសនា។ តើមានកត្តាអ្វីខ្លះញុំាងឱ្យប្រជាជនខ្មែរគោរពប្រណិប័តន៍ព្រះសង្ឃ និងមានជំនឿលើព្រះពុទ្ធសាសនាដ៏មុតមាំបែបនេះ?