ការចងក្រងក្រុមសន្សំប្រាក់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

ស្វាយរៀង, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំកិច្ចប្រជុំមួយស្តីពីការបង្កើត និងការគ្រប់គ្រងក្រុមសន្សំប្រាក់ សម្រាប់សមាជិកសហគមន៍នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកសហគមន៍ សកម្មជន ក្រុមស្ត្រី និងយុវកសិករ ដែលមានបំណងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍របស់ខ្លួន។

 

គោលបំណងសំខាន់នៃការចងក្រងក្រុមសន្សំប្រាក់គឺដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ដែលមានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវ។ ក្រុមសន្សំប្រាក់នឹងអនុវត្តលក្ខន្តិកៈដែលមានការកំណត់អត្រាការប្រាក់ រយៈពេលនៃការសន្សំ និងវិធីសាស្ត្របែងចែកភាគលាភ ដើម្បីធានាថាសមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍យ៉ាងសមស្រប និងមានភាពស្មើភាព។

 

សារៈសំខាន់នៃការសន្សំប្រាក់គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបង្កើតសុវត្ថិភាពហិរញ្ញវត្ថុ និងការរៀបចំជីវភាពប្រចាំថ្ងៃ។ វាជួយឲ្យសមាជិកសហគមន៍ មានប្រាក់បម្រុង សម្រាប់ករណីអាសន្ន អាចវិនិយោគក្នុងអាជីវកម្មតូចៗ បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ប្រាក់យ៉ាងមានគោលបំណង បង្កើតទំនាក់ទំនងសហការណ៍ក្នុងសហគមន៍ ជួយបង្កើនភាពជឿជាក់ និងទំនួលខុសត្រូវរបស់សមាជិក។

 

ក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីការបែងចែកតួនាទីរបស់គណៈកម្មការ ដើម្បីធានាថាការគ្រប់គ្រងក្រុមសន្សំប្រាក់មានប្រសិទ្ធភាព។ តួនាទីទាំងនេះរួមមាន ប្រធានក្រុម លេខាធិការ ហិរញ្ញឹក អ្នកកាន់សោរ សមាជិក។ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានជំនឿថា ការចងក្រងក្រុមសន្សំប្រាក់ជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលអាចជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដោយផ្តល់ឱកាសឲ្យសមាជិកអភិវឌ្ឍសេដ្ឋកិច្ចផ្ទាល់ខ្លួន និងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ។