របាយការណ៍របស់អង្គការអុកស្វាម និងសម្ព័ន្ធកម្មករអន្តរជាតិ Streetnet International បានរកឃើញថា អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា ដែលភាគច្រើនជាស្ត្រី ត្រូវបង្ខំចិត្តស៊ូទ្រាំនឹងកម្ដៅខ្លាំង ទឹកជំនន់ភ្លាមៗ និងឥទ្ធិពលខ្យល់ព្យុះ ដែលរាំងស្ទះដល់ការរកប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ និងធ្វើឱ្យជីវភាពរបស់ពួកគេស្ថិតក្នុងហានិភ័យ។
អាជីវករលក់អាហារតាមដងផ្លូវ ដែលសុទ្ធសឹងតែជាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងប្រឈមនឹងហានិភ័យអាកាសធាតុ ដូចជាលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ សន្តិសុខស្បៀង និងការរស់រានមានជីវិតរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម និងឡាវ ការស្រាវជ្រាវបានបង្ហាញអំពីការលំបាកដែលអាជីវករភាគច្រើនជាស្ត្រីត្រូវប្រឈមមុខ ដូចជាការស៊ូទ្រាំនឹងកម្ដៅក្តៅខ្លាំង ទឹកជំនន់ និងឥទ្ធិពលខ្យល់ព្យុះ ដែលបំផ្លាញប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ និងធ្វើឱ្យជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យ។
របាយការណ៍ដែលចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ អុកស្វាម និងសម្ព័ន្ធកម្មករសកល Streetnet International នេះ គឺជាការវិភាគក្នុងតំបន់ស៊ីជម្រៅលើកដំបូងអំពីរបៀបដែលការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលដល់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យម្ហូបអាហាររបស់អាស៊ីអាគ្នេយ៍។
យោងតាមរបាយការណ៍នេះ អាជីវករលក់អាហារតាមចិញ្ចើមផ្លូវនៅកម្ពុជា ឡាវ និងវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ទីក្រុង ដោយផ្តល់នូវជម្រើសអាហារដែលមានតម្លៃសមរម្យ និងជាប្រភពចំណូលដ៏សំខាន់ ប៉ុន្តែទោះបីជាមានការលំបាកជាបន្តបន្ទាប់ក៏ដោយ ក៏ពួកគេនៅតែ «ទទួលបានការគាំទ្រតិចតួចពីរដ្ឋ និងស្ថាប័ននានា»។
គិតត្រឹមខែមីនា ឆ្នាំ២០២២ មានអាជីវករលក់ដូរតាមដងផ្លូវដែលត្រូវបានកត់ត្រារហូតដល់ ៧៧០៧៣នាក់ ដែលលក់ដូរតាមតូប ឬរទេះនៅទីតាំងជាក់លាក់មួយនៅលើដងផ្លូវ ឬចិញ្ចើមផ្លូវ ដែលនេះតំណាងឱ្យ ១០,២ភាគរយនៃអាជីវកម្មទាំងអស់ និងបានផ្តល់ចំណូលដល់មនុស្សចំនួន ១១៦ ៣១៣នាក់។
របាយការណ៍បានឱ្យដឹងថា ប្រហែល ៧៥ភាគរយនៃម្ចាស់អាជីវកម្មតាមចិញ្ចើមផ្លូវគឺជាស្ត្រីហើយ ៨៩ភាគរយមានបុគ្គលិកម្នាក់ ឬពីរនាក់។ ប្រភពដដែលបានបញ្ជាក់ថា៖«បើប្រៀបធៀបទៅនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ អាជីវកម្មតាមដងផ្លូវបានកើនឡើង ៣៥៣០២ ឬស្មើនឹង ៨៤ភាគរយ»។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងផែនការក្នុងឆ្នាំ២០២៣។
ករណីសិក្សាចំនួន៣ អនុញ្ញាតឱ្យពួកគេកំណត់អត្តសញ្ញាណនៃភាពស្រដៀងគ្នា និងភាពខុសគ្នានៅក្នុងរបៀបដែលហានិភ័យអាកាសធាតុប៉ះពាល់ដល់អ្នកលក់ដូរតាមដងផ្លូវ ដោយផ្តោតជាពិសេសលើផលប៉ះពាល់យេនឌ័រចំពោះអាជីវករជាស្ត្រី និងផ្តល់ដំណោះស្រាយដើម្បីកែលម្អភាពធន់ និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។
ទោះបីជាមានផលប៉ះពាល់អាកានៃសធាតុក៏ដោយ អ្នកលក់នៅតែបន្តធ្វើការហាលភ្លៀង ឬហាលក្តៅ ប៉ុន្តែពួកគេបានព្យាយាមកែច្នៃអាហារឱ្យសមស្របនឹងតម្រូវការអាកាសធាតុ ហើយប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនដើម្បីរ៉ាប់រងការខាតបង់នានា ព្រមទាំងស្វែងរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ និងសហជីពអ្នកលក់តាមចិញ្ចើមផ្លូវ ដើម្បីគ្រប់គ្រងការខ្វះខាតផ្នែកហិរញ្ញវត្ថុ។ យ៉ាងណាមិញ ប្រព័ន្ធគាំទ្រទាំងនេះច្រើនតែនៅមានកម្រិត និងមិនគ្រប់គ្រាន់នោះឡើយ។
នៅរាជធានីភ្នំពេញ របាយការណ៍បានបង្ហាញថា សីតុណ្ហភាពអាចកើនឡើងជាមធ្យម ៣,១អង្សាសេនៅឆ្នាំ២០៩០។ រលកកម្ដៅអាចកើតឡើងញឹកញាប់ និងយូរជាងមុន អាស្រ័យលើអត្រានៃការបំភាយឧស្ម័ន ដែលជារឿយៗអាចហក់ឡើងលើសពី ៣៥អង្សាសេ។
របាយការណ៍ដដែលបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ បង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ ជាងការកើនឡើងកម្ដៅទៅទៀត ដែលជាក្តីបារម្ភដែលកើតមានក្នុងចំណោមអាជីវករក្នុងសង្កាត់ឈូកមាស (ខណ្ឌសែនសុខ) និងបឹងទំពុន (ខណ្ឌមានជ័យ)។
ឧទាហរណ៍មួយទៀតនៃការកើនឡើងកម្ដៅបានបង្ហាញថា បន្លែ និងផ្លែឈើស្រស់អាចស្ងួត ក្រៀមស្វិត និងខូច ខណៈដែលបន្លែស្លឹក និងផ្លែឈើឆាប់ទន់ដូចជាផ្លែប៉ោម និងចេក ងាយនឹងរលួយ និងស្អុយ។
អ្នកលក់បន្លែស្រស់ម្នាក់ត្រូវបានសម្រង់សម្តីនៅក្នុងរបាយការណ៍ថា បន្លែបៃតងមិនអាចរក្សាទុកបានយូរឡើយនៅពេលដែលត្រូវនឹងសីតុណ្ហភាពខ្ពស់ ដែលធ្វើឱ្យមានការប៉ាន់ស្មានថាអាចនាំឱ្យប្រាក់ចំណូលធ្លាក់ចុះពី ៣០ ទៅ ៤០ភាគរយ ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុ។
របាយការណ៍បានសង្កត់ធ្ងន់ថា៖«បើទោះរលកកម្ដៅមិនបានបញ្ឈប់ការលក់ដូរទាំងស្រុងក្តី តែវាអាចកាត់បន្ថយសកម្មភាពអតិថិជនក្នុងការទិញបន្លែ និងផ្លែឈើ។ ជាធម្មតាអ្នកដើរទិញឥវ៉ាន់ជ្រើសរើសពេលវេលានៃការទិញទំនិញនៅពេលព្រឹក និងពេលល្ងាច ហើយការលក់ផ្លែឈើកើនឡើងយ៉ាងខ្លាំងនៅថ្ងៃបុណ្យទានតាមពុទ្ធសាសនា ដោយសារតម្រូវការក្នុងសាសនា»។
ដើម្បីកាត់បន្ថយផលប៉ះពាល់ អង្គការអុកស្វាម និង Streetnet បានអំពាវនាវឱ្យមានទីធ្លាបៃតង និងដើមឈើបន្ថែមទៀតនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកម្ដៅក្នុងទីក្រុង ដែលកំពុងប៉ះពាល់ដល់អាជីវករ។
ទីក្រុងគួរតែមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ និងប្រព័ន្ធលូ រួមទាំងម៉ាស៊ីន និងស្ថានីយបូមទឹក ការលើកផ្លូវថ្នល់ដើម្បីការពារទឹកជំនន់ភ្លាមៗ និងប្រព័ន្ធផ្តល់ និងកំណត់កន្លែងលក់មានសុវត្ថិភាពសម្រាប់អ្នកលក់តាមចិញ្ចើមផ្លូវ។
អង្គការបាននិយាយថា៖«កន្លែងដែលបានកំណត់ទាំងនេះគួរតែធានាឱ្យបាននូវលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យត្រឹមត្រូវ ស្របពេលដែលស្ថិតនៅឆ្ងាយពីការបំពុលចរាចរណ៍ ដើម្បីការពារសុវត្ថិភាពចំណីអាហារ និងការពារសុខភាពសាធារណៈ»។
លើសពីនេះ ត្រូវមានភ្លើងបំភ្លឺផ្លូវគ្រប់គ្រាន់ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ កាត់បន្ថយថ្លៃភ្លើងរបស់អាជីវករ និងទាក់ទាញអតិថិជនកាន់តែច្រើនមកទិញអាហារ ក៏ដូចជាជៀសវាងការបង្ខំអាជីវករឱ្យផ្លាស់ប្តូរទីតាំង ឬបង្កការលំបាកដល់ពួកគេក្នុងការប្រកបអាជីវកម្មនៅទីតាំងបច្ចុប្បន្ន។
វិធានការផ្សេងៗដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃទំនិញ ដូចជាសាច់ និងរបស់របរចាំបាច់ផ្សេងទៀត រួមមានប្រេងសាំង គួរតែត្រូវបានអនុវត្ត ហើយរដ្ឋាភិបាលគួរពិចារណាលើការឧបត្ថម្ភធនសម្រាប់អាជីវករលក់ដូរនៅតាមដងផ្លូវផងដែរ៕