កម្មកររោងចក្រ​កាត់ដេរ​កម្ពុជា​ទទួលរងផលប៉ះពាល់ពី​បម្រែបម្រួល​អាកាសធាតុ

បម្រែបម្រួល​អាកាសធាតុ​មិនមែនគ្រាន់តែជា​កង្វល់នាពេលអនាគតមួយ​​ចំពោះ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វាជាបញ្ហាមួយ​ដែល​កំពុង​ជះឥទ្ធិពល​​​មក​លើ​ជីវភាពរស់នៅរបស់ពួកគេនាបច្ចុប្បន្ន​​រួចជាស្រេចហើយ  នេះ​បើ​យោងតាម​របាយការណ៍មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ ស៊ី-ដ (NGO-CEDAW) ។

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អង្គការ​ ស៊ី-ដ បាន​ចេញ​ផ្សាយ​របាយការណ៍តាមដាន​ឆ្នាំ​២០២២​របស់​ខ្លួន ដោយ​បង្ហាញព័ត៌មានពី​ដៃគូ​អង្គការ​មិនមែនរដ្ឋាភិបាលរបស់ខ្លួន និង​សង្ខេប​នូវ​សេចក្ដី​រាយការណ៍ បែប​​ស៊ើបអង្កេត​មួយ​ទៅលើ​ផលប៉ះពាល់​នៃបម្រែបម្រួល​អាកាសធាតុ​មកលើ​កម្មការិនី ។

របាយការណ៍បានរកឃើញ«ទំនាក់ទំនង​សំខាន់រវាង​អាកាសធាតុនិង​ផលប៉ះពាល់ទាក់ទងនឹង​បរិស្ថាន​ និង​លក្ខខណ្ឌ​ការងារ​ដែលកាន់តែមិនល្អ​នៅក្នុង​វិស័យ​កាត់ដេរ​របស់​ប្រទេស​កម្ពុជា» ។

របាយការណ៍បាននិយាយថា កម្មករកម្មការិនី​ប្រមាណ ២៩% បានជួបប្រទះបញ្ហា​អាកាសធាតុធ្ងន់ធ្ងរ ឬគ្រោះមហន្តរាយផ្សេងៗ​នៅ​កន្លែង​ស្នាក់នៅរបស់ពួកគេនៅក្នុងអំឡុងពេល ១២ខែ​ចុងក្រោយ ។ ក្នុងចំណោមនេះ បញ្ហាដែលគេរាយការណ៍ញឹកញាប់បំផុត គឺទឹកជំនន់ (៦៣%) និង​អាកាសធាតុ​ក្ដៅខ្លាំងហួសហេតុ (៤២%) ។

​ធី ជា​កម្មករ​រោងចក្រ AYC ដែលបាន​និងកំពុងធ្វើការងារ​នៅទីនោះចាប់តាំងពីឆ្នាំ២០០៨មក​ បាន​ចែក​រំលែក​ឱ្យដឹងថា កន្លែងធ្វើការរបស់​លោក​ពុំមាន​ប្រព័ន្ធ​កង្ហារបឺត​​ខ្យល់ចេញចូល​គ្រប់គ្រាន់ទេ ហើយនៅទីនោះ​ក្ដៅ ជាពិសេស​ក្នុងអំឡុង​រដូវ​ប្រាំង ដែលគេឃើញ​កម្មករ​កម្មការិនី​បែកញើសខ្លាំង និង​អស់​កម្លាំង ។ ​

លោកបាននិយាយថា៖ «ធ្លាប់មានកម្មករ​ម្នាក់​សន្លប់​នៅឆ្នាំ២០២២» ។ ដោយលោកបន្ថែមថា៖ «កម្មករ​ធ្វើការច្រើន និងមិនមាន​អាហារហូបចុកគ្រប់គ្រាន់ បូករួមទាំង​អាកាសធាតុក្ដៅ​ទៀត បានបណ្ដាល​ឱ្យ​កម្មករ​សន្លប់» ។

លោក ធី បាន​លើកពីការជាប់ទាក់ទងគ្នា​ដូច្នេះ​ថា នៅពេល​អាកាសធាតុក្ដៅ កម្មករ​កម្មការិនី​ទទួលទាន​ទឹក​ច្រើន​ដើម្បី​រក្សា​ជាតិ​ទឹក​នៅក្នុង​ខ្លួន ប៉ុន្តែ ការទទួលទានទឹក​ច្រើន​ធ្វើ​ឱ្យពួកគេ​ទៅ​បន្ទប់ទឹក​ញឹកញាប់ ហើយពេលខ្លះ ប្រធានក្រុមផ្នែកដេរ​នីមួយៗ​ស្ដីបន្ទោស​កម្មករកម្មការិនី​ណា​ដែល​ទៅបន្ទប់​ទឹក​ញឹកញាប់ ។

លោកបាននិយាយថា៖ «នៅពេលពួកគេ[កម្មករ]​ទៅបន្ទប់ទឹកញឹកញាប់ ប្រធានក្រុម​ផ្នែក​ដេរ​ស្ដីឱ្យពួកគេដោយ​ពាក្យសម្ដីអាក្រក់ៗ ។ គ្មាន​ការគោរព​សិទ្ធិ​បុគ្គលទេ» ។

កម្មការិនីមួយរូបទៀត ឈ្មោះ ចាន់នេត ដែលធ្វើការនៅ​រោងចក្រ​ Hi-Tech Apparel នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ អូរនាង នៅទីក្រុងប៉ោយប៉ែត បានប្រាប់ ខេមបូចា ថា កម្មករ​កម្មការិនី​នៅទីនោះ​ទទួល​រង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​ ជាពិសេស នៅក្នុងអំឡុង​រដូវ​វស្សា ។ អ្នកនាង​បាន​ពន្យល់ថា ផ្លូវដើរពីបន្ទប់ជួលរបស់នាងទៅរោងចក្រត្រូវទឹកជន់លិច​ត្រឹម​ជង្គង់​ ហើយពេលខ្លះ ឡើង​ដល់​ត្រឹម​ចង្កេះក៏មាន ដែល​ធ្វើ​ឱ្យ​កម្មករ​កម្មការិនី​ជួបការលំបាកក្នុងការធ្វើដំណើរទៅធ្វើការ ។ វាក៏អាចប៉ះពាល់​ផងដែរ ទៅលើ​​ប្រាក់ចំណូលរបស់ពួកគេ​ផងដែរ ពីព្រោះ​ពួកគេ​មិនអាចទៅធ្វើការទៀងទាត់។

អ្នកនាង ចាន់នេត បាននិយាយថា៖ «កម្មករ​កម្មការិនី​ជួបការលំបាកជាច្រើន​ ដូចជា ទឹកជំនន់ ហើយ​ផ្លូវ​ខូច ដែលនាំឱ្យអ្នកជិះម៉ូតូ​ងាយនឹងជួបគ្រោះថ្នាក់ ។ យើង​ក៏បារម្ភ​ផងដែរ​ពី​សុវត្ថិភាពរបស់​កម្មការិនី​ដែលមានផ្ទៃពោះ ពីព្រោះ​ផ្លូវ​រអិល» ។ អ្នកនាងបន្ថែមថា តំបន់នោះ​ជួបទឹកជំនន់​រយៈពេលបីឆ្នាំជាប់គ្នាហើយ ។

យោងតាម ចាន់នេត កម្មករកម្មការិនីបានស្នើសុំ​ឱ្យ​អ្នកគ្រប់គ្រង​រោងចក្រ​​ជួសជុល​ផ្លូវ​ត្រង់ផ្នែកខ្លះ ដែល​ខូចខាតខ្លាំងដោយសារទឹកជំនន់ ប៉ុន្តែ ពុំមានលទ្ធផលទេ ។ អ្នកគ្រប់គ្រងរោងចក្រ​និយាយថា ការជួសជុលផ្លូវ​មិនមែន​ស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់ពួកគេ​ទេ ។ ក្រោយពីនោះ អ្នកនាង​បាន​ស្នើសុំ​ឱ្យអាជ្ញាធរ​ជួសជុលផ្លូវ​ខូច​នោះ ។

អ្នកសារព័ត៌មាន ខេមបូចា បាន​ទាក់ទងទៅ​រោងចក្រ AYC និងរោងចក្រ Hi-Tech ដោយហៅ​ទៅ​​លេខទូរសព្ទ​ដែល​ចុះ​នៅលើ​គេហ​ទំព័រចុះបញ្ជីពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ អ្នកដែលបាន​ឆ្លើយតបនឹង​ការហៅទូរសព្ទបាននិយាយថា ពួកគេ «មិនដែលបានធ្វើការជាមួយរោងចក្រ​ទាំងនេះ​ទេ» ។

ជាមួយគ្នា​នេះ​ដែរ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួង​ការងារ​​ បានប្រាប់ ខេមបូចា ថា ក្រសួង​មិនដែល​បានទទួលព័ត៌មានអំពី​ផលប៉ះពាល់អវិជ្ជមាន​នៃបម្រែបម្រួល​អាកាសធាតុ​មក​លើ​សុខភាពរបស់​កម្មករ​កម្មការិនីឡើយ ។ លោកបានប្រាប់ ខេមបូចា ដូច្នេះថា «ក្រសួងបាន​វាយតម្លៃ​លក្ខខណ្ឌការងារ​របស់​កម្មករ​កាលពីពេលកន្លងមក និងបានរកឃើញថា បម្រែបម្រួល​អាកាសធាតុ​ពុំបានប៉ះពាល់អ្វី​ដល់​សុខភាពរបស់ពួកគេ​នោះទេ» ។

ប៉ុន្តែ លោកបានទទួលស្គាល់ថា រលកកម្ដៅក្នុងអំឡុងរដូវប្រាំង​អាច​អាក្រក់ខ្លាំង ដូច្នេះ លោកបាន​ណែនាំ​រោងចក្រ​នានា​ឱ្យគិតគូរដល់​លក្ខខណ្ឌនៅកន្លែងការងាររបស់នយោជិតរបស់ពួកគេ និង​ធានាថា មានប្រព័ន្ធកង្ហារបឺតខ្យល់ចេញចូល​ ពន្លឺ និង​ទឹកទទួលទាន​គ្រប់គ្រាន់ដើម្បី​ការពារសុខភាពរបស់​កម្មករ។

ប៉ុន្តែ រោងចក្រ​មួយចំនួន​ពុំបានគោរពតាមការណែនាំនេះ​ទេ ។ កម្មករ​ឈ្មោះ ធី បាន​និយាយ​ដូច្នេះ ដោយ​លើកឡើងពី​រោងចក្រ AYC ដែល​លោកថា នៅទីនោះ​ពុំមាន​ឧបករណ៍គ្រប់គ្រាន់ទេ ហើយ​លោក​ជឿថា ក្រុមហ៊ុន​ចង់​«កាត់បន្ថយ​ចំណាយថ្លៃភ្លើង» ។

លោក​ត្អូញត្អែរថា៖ «ឥឡូវនេះ ពុំមាន​ម៉ាស៊ីនត្រជាក់ទេ ហើយ​កង្ហារ​ក៏មិនមាន​គ្រប់គ្រាន់ដែរ ។ សូម្បីកង្ហារទឹកក៏បើកមិន​ឱ្យអស់ដែរ»។ លោកបន្ថែមថា លោកបានស្នើសុំ​ឱ្យមានប្រព័ន្ធ​ទឹក​ស្អាត ជាពិសេស ទឹកត្រជាក់​និងកង្ហារសម្រាប់​កម្មករ ។

យោងតាមក្រសួង​ធនធានទឹក​និង​ឧតុនិយម រដូវប្រាំង​នៃឆ្នាំ២០២៤​ត្រូវគេរំពឹងថា នឹងអូសបន្លាយ​រហូត​ដល់ខែ​ឧសភា ។ អាកាសធាតុ​ក្ដៅ​ដែលមានសីតុណ្ហភាពដល់ទៅ ៤១អង្សា​សេ អាចនឹង​កើតមានពី​ខែ​កុម្ភៈរហូតដល់ដើម​ខែ​ឧសភា ។

Louise Goldman អនុប្រធានកម្មវិធីប្រចាំប្រទេស​កម្ពុជា នៃអង្គការ Solidarity Center (មជ្ឈមណ្ឌល​សាមគ្គីភាព) បានប្រាប់​ ខេមបូចា ថា បម្រែបម្រួល​អាកាសធាតុ​អាចជះឥទ្ធិពល​លើ​កម្មការិនី​ជាច្រើន​​លក្ខណៈ ដោយរួមមានទាំងពី​ផលប៉ះពាល់​អវិជ្ជមាន​លើ​សុខភាពពីការធ្វើការងារ​នៅក្រោម​សីតុណ្ហភាពក្ដៅខ្លាំង ទឹកជំនន់ រហូតដល់​ការបាត់បង់ប្រាក់ចំណូល​ដោយសារលក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ធ្ងន់ធ្ងរ​ ។

លោកស្រីបាននិយាយថា​៖ «កម្មករ​ជាច្រើន​ត្រូវបានកាត់ប្រាក់ឈ្នួលប្រសិនបើពួកគេ​ទៅធ្វើការមិនកើត​ដោយសារទឹកជំនន់ ឬប្រសិនបើពួកគេមិនអាចធ្វើការកើតដោយសារកម្ដៅខ្លាំង»។

លោកស្រីបន្តថា​ បញ្ហាបម្រែបម្រួលអាកាសធាតុក៏បានចូលរួមចំណែកធ្វើឲ្យមានការ​ធ្លាក់ចុះ​ក្នុងការទទួលបាន​ម្ហូបអាហារធូរថ្លៃ​និងទឹកស្អាតដោយសារតែផលប៉ះពាល់ទៅលើ​ដំណាំ​និងប្រព័ន្ធ​ទឹក និង​ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការបាត់បង់ផ្ទះសម្បែង​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងទៀត​នៅពេលដែល​អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ ។

បញ្ហាអាកាសធាតុក្ដៅខ្លាំង​អាច​បង្កជាបញ្ហាសុខភាពមួយចំនួន ដូចជា អាការៈសន្លប់ដោយសារកម្ដៅ និង​រមួលសាច់ដុំ ការអស់កម្លាំងដោយសារកម្ដៅ វិលមុខ ក្អួត ការធ្លាក់ខ្លួនឈឺ និងអាចដល់ថ្នាក់បាត់បង់ជីវិត ជាពិសេស ក្នុងអំឡុងពេល​មានផ្ទៃពោះនិងមករដូវ ។ សុខភាពបុរសក៏អាចប៉ះពាល់​ផង​ដែរ​ដោយសារអាកាសធាតុក្ដៅខ្លាំង ដោយវារួមចំណែក​បង្ក​បញ្ហានានា ដូចជា ភាពអាររបស់មនុស្ស​ប្រុស ។

លោកស្រី Goldman បាននិយាយថា ផលប៉ះពាល់​លើសុខភាព​អាចបណ្ដាល​ឱ្យ​បាត់បង់ប្រាក់ឈ្នួល​ដោយសារតែ​អវត្តមានពីការងារ ។ សុខភាពផ្លូវចិត្តរបស់កម្មករកម្មការិនី​ដ៏អាចរងផលប៉ះពាល់ផងដែរ ប្រសិនបើពួកគេ​មិនអាចរកប្រាក់ចំណូលបានដោយសារតែអាកាសធាតុក្ដៅហួសហេតុ ។

លោកស្រីបានបន្តថា៖ «បញ្ហាទាំងនេះ​មានផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាពរាងកាយរបស់​កម្មការិនី​ ហើយវា​ក៏​បង្ក​ផលប៉ះពាល់​សង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរដែរ ដែល​នាំ​ឱ្យ​កើនឡើង​នូវសម្ពាធនៅក្នុង​ផ្ទះ ពាក់ព័ន្ធនឹងការបាត់ប្រាក់ចំណូល និងការកើនឡើង​នូវ​ការងារនៅផ្ទះ​ដោយ​គ្មានប្រាក់ឈ្នួល — ដែលធ្វើឡើង​ច្រើនលើសលប់ដោយស្ត្រី» ។ ដោយបន្ថែមថា៖ «ទាំងនេះ​ក៏អាច​បង្ក​ទៅជា​ភាពតានតឹង​ផ្លូវ​ចិត្ត​និងបញ្ហាសុខភាព​ផ្លូវចិត្ត​ដទៃ​ទៀត​កាន់តែ​ធ្ងន់ធ្ងរ» ។

លោកស្រី Goldman បាន​លើកឡើងថា ការស្រាវជ្រាវ​នៅក្នុង​ប្រទេស​កម្ពុជា និងការតាមដាន​ដោយ​គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់​អង្គការ ILO បានរកឃើញថា ជារឿយៗ កម្មករ​កម្មការិនីរោងចក្រ​កាត់ដេរ​ធ្វើការនៅក្រោម​កម្ដៅដែលមិនអាចទទួលយកបាន ។

លោកស្រីបាននិយាយថា៖ «វាជាការសំខាន់ដែល​គេ​ត្រូវពិនិត្យ​លើបញ្ហាទាំងនេះ ដើម្បី​ស្វែងយល់ និង​កាត់បន្ថយ​ផលប៉ះពាល់ ។ ឧបករណ៍នានា ដូចជា ទ័រម៉ូម៉ែត្រ​វាស់សីតុណ្ហភាពនៅកន្លែងការងារ​​ត្រូវមាន​ជាចាំបាច់ដើម្បី​តាមដាន​សីតុណ្ហភាព រួមជាមួយនឹងប្រព័ន្ធ​ត្រជាក់គ្រប់គ្រាន់​ដែលអាចដោះស្រាយ​បញ្ហានៅក្នុងអំឡុងពេលក្ដៅខ្លាំងបាន» ។

ជាលទ្ធផល លោកស្រីលើកទឹកចិត្ត​ឱ្យ​កម្មករ​កម្មការិនីនិងសហជីព​ត្រូវសកម្មរួមគ្នានៅក្នុងការធ្វើ​សេចក្ដីព្រាង​គោលនយោបាយនិងវិធានស្ដីពី​បម្រែបម្រួល​អាកាសធាតុ ។

លោក ជួប ប៉ារីស៍ អ្នកនាំពាក្យក្រសួងបរិស្ថាន​ មិនបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានទេ ។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានប្រាប់ ខេមបូចា ថា បម្រែបម្រួលអាកាសធាតុ​មាន​ផលប៉ះពាល់ខ្លាំក្លា​មក​លើ​កម្មករកម្មការិនីរោងចក្រ​កាត់។ នៅឆ្នាំ២០១៩ កម្មករប្រហែល ១២០០នាក់​បានដួលសន្លប់ ដោយសារតែអាកាសធាតុក្ដៅ ព្រមទាំងហេតុផលផ្សេងទៀត ដូចជា ក្លិនគីមី​នៅក្នុងរោងចក្រជាដើម ។

លោកបាននិយាយថា៖ «នៅខាងក្រៅ សីតុណ្ហភាពប្រហែលពី ៣៥ ទៅ ៣៦អង្សាសេ ប៉ុន្តែ នៅក្នុង​រោងចក្រ​វិញ ជិត ៤០អង្សា​សេ ។ កម្មករ​ដួលសន្លប់​ដោយសារវាក្ដៅខ្លាំងពេក​ ហើយ​បរិយាកាស​​[នៅក្នុងរោងចក្រ]មិនល្អ ដោយ​កាត់ផ្ដាច់​អុកស៊ីសែន» ។

លោកបានបន្តថា នៅរោងចក្រ​ខ្លះ ពួកគេមានឧបករណ៍គ្រប់គ្រាន់​ ចំណែក​រោងចក្រ​ខ្លះទៀត​ពុំមាន​ឧបករណ៍គ្រប់គ្រាន់ទេ ។ ប៉ុន្តែ សូម្បីតែនៅក្នុងរោងចក្រដែលមានឧបករណ៍គ្រប់គ្រាន់ក្ដី នៅពេលដែលសីតុណ្ហភាពក្ដៅខ្លាំង ក៏នៅតែមិនអាចទ្រាំ​ទ្រ​នឹងកម្ដៅបាន ដោយ​បង្ខំ​ឱ្យ​កម្មករ​កម្មការិនីត្រូវធ្វើការងារ​ស្ថិតក្រោម​លក្ខខណ្ឌ​គ្មានផាសុកភាព ។

របាយការណ៍ពី​មជ្ឈមណ្ឌល​សាមគ្គីភាព ដែល​ត្រូវបានលើកយកមកធ្វើជាអំណះអំណាងដោយ​អង្គការ ស៊ី-ដ បាននិយាយថា ទោះបីរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅ​សម្រេចបានប្រសិទ្ធផល​និងនិរន្តរភាព​ធនធាន​ដោយ​អនុវត្ត​គោលការណ៍​ប្រើប្រាស់​និងផលិត​ដោយចីរភាពក្ដី ទំនាក់ទំនង​គ្នារវាង​បម្រែបម្រួល​អាកាសធាតុ​និង​ការងារ​«នៅពុំទាន់មានឡើយ»នៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម និង​អភិបាលកិច្ច​អន្តរកាលទៅរក​ការកាត់បន្ថយ​កាបូននៅកម្ពុជា ។

របាយការណ៍ដដែល បានកត់សម្គាល់ថា៖ «រដ្ឋាភិបាលគួរ​កែលម្អ​ការគាំពារ​សង្គម​សម្រាប់​ក្រុមជន​ដែល​គេ​មិនអើពើជាមួយ ដែលជាក្រុមមនុស្សងាយរងគ្រោះជាពិសេសចំពោះបម្រែបម្រួល​អាកាសធាតុ និង​អាច​នឹងមានធនធាន​តិចតួច​ក្នុង​ការ​ទទួលបាន​របរ​ទទួលទានប្រកប​ដោយ​សមរម្យ» ។

របាយការណ៍បានបន្ថែមថា៖ «រដ្ឋាភិបាលគួរ​ឱ្យ​កម្មករកម្មការិនី​ ព្រមទាំងសហជីពពួកគេ​ចូលរួម​នៅក្នុង​ការអភិវឌ្ឍ​ក្របខ័ណ្ឌ​បរិស្ថាន​និង​និយ័តកម្មជាតិ រួមទាំង​ការតាមដាន​និងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទៀងទាត់​ ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​បែបបរិវត្តកម្ម​ទៅលើ​ចីរភាពបរិស្ថានយូរអង្វែង»