ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) នៅថ្ងៃចន្ទនេះ បានប្រកាសពីគោលបំណងចំនួន ៤ ដែលត្រូវសម្រេចបានក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាជនទាំងមូល។
គោលបំណងទាំងបួន រួមមាន ការបង្កើតកន្លែងមើលថែកុមារនៅតាមក្នុងរោងចក្រ ការកែលម្អអាហារដ្ឋាន ការកែលម្អមធ្យោបាយធ្វើដំណើរ និងផែនការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញដល់កម្មកររោងចក្រទូទាំងប្រទេស។
ការប្តេជ្ញាចិត្តនេះ ត្រូវបានប្រកាសដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅខេត្តកោះកុង។
ថ្លែងក្នុងពិធីនេះ លោក ហេង សួរ បានកោតសរសើរចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខកម្មករនិយោជិតចំនួន ១០,៩៧៥នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ៥៥១នាក់ មកពីរោងចក្រចំនួនប្រាំផ្សេងគ្នា រួមមានរោងចក្រកាត់ដេរ ខ្សែភ្លើង ឧបករណ៍អេឡិចត្រូនិក រោងចក្រដំឡើងរថយន្ត និងរោងចក្រដំឡើងខ្សែភ្លើង។
លោកបានថ្លែងថា៖«មានតែរោងចក្រ និងសហគ្រាសចំនួន ៦៤ ដែលមានកម្មករប្រហែល ៨០,០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែចំនួនបានកើនឡើងដល់ ៤០,៨៤០ រោងចក្រដែលមានកម្មករ ១.៧ លាននាក់នៅដំណាច់ខែធ្នូឆ្នាំនេះ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៧ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិជំងឺរាតត្បបាតកូវីដ-១៩»។
ក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងប្រទេស ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) បានកត់ត្រារោងចក្រចំនួន ១,៦៨០ និងជ្រើសរើសកម្មករចំនួន ៩១៨,៧១៨ នាក់ ដែលប្រាក់បៀវត្សរ៍សរុបបូកបញ្ចូលគ្នាប្រហែល ២.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា ខេត្តកោះកុងបានទាក់ទាញរោងចក្រចំនួន ២០៣ ដែលបង្កើតការងារជូនកម្មករចំនួន ១៦,០០០ នាក់ ហើយប្រាក់បៀវត្សរ៍របស់ពួកគេបានកើនឡើងពី ៤០ ដុល្លារក្នុងមួយខែក្នុងឆ្នាំ ១៩៩៧ ដល់ ២០៤ ដុល្លារនាពេលបច្ចុប្បន្ននេះ ដោយសារការគាំទ្រ និងការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ លោកថា ចាប់ពីឆ្នាំនេះ កម្មកររោងចក្រនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ហើយប្រាក់ចំណូលរបស់ពួកគេអាចឡើងដល់ ២២១ ទៅ ២៣២ ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមពីការងារថែមម៉ោង ក៏ដូចជាអត្ថប្រយោជន៍បន្ថែមពីបេឡាជាតិរបបសន្តិសុខសង្គម។
លោករដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានកំណត់បន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបួននៅចុងឆ្នាំ ២០២៥ រួមមានការបង្កើតទារកដ្ឋាន និងសហគមន៍មត្តេយ្យ និងការជួសជុលអាហារដ្ឋាន និងកង់ទីន។
លោកក៏បានលើកឡើងបញ្ជាក់ឱ្យដឹងដែរថា៖«លើគោលបំណងទាំងពីរនេះ ក្រសួងការងារ កំពុងរៀបចំលិខិតផ្លូវការមួយ ដោយស្នើសុំកិច្ចសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងរៀបចំកិច្ចប្រជុំជាមួយម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅទូទាំងប្រទេស»។
គោលបំណងទី៣ ផ្តោតលើការកែលម្អការដឹកជញ្ជូន ដើម្បីសុវត្ថិភាពអ្នកដំណើរ និងអ្នកបើកបរ ខណៈគោលដៅចុងក្រោយគឺផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញដល់អ្នកដែលចូលរួមក្នុងកម្មវិធី ដែលអនុញ្ញាតឱ្យពួកគេទទួលបានការទទួលស្គាល់ជាផ្លូវការពីសហគមន៍ជាកម្មករវិជ្ជាជីវៈ។
កាលពីខែវិច្ឆិកាឆ្នាំមុន នាយករដ្ឋមន្ត្រីបានប្រកាសអនុវត្តកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ-បច្ចេកទេសសម្រាប់សហគមន៍ក្រីក្រ និងកម្មកររោងចក្រដែលកាន់ប័ណ្ណសមធម៌ និងអត្តសញ្ញាណប័ណ្ណគ្រួសារងាយរងគ្រោះ ដែលអនុញ្ញាតឱ្យពួកគេចូលរៀនក្នុងគ្រឹះស្ថានអប់រំដោយមិនគិតកម្រៃ បូកជាមួយនឹងជំនួយថវិកាប្រចាំខែរបស់ ២៨ ម៉ឺនរៀល ឬ ៧០ ដុល្លារ។
ចាប់តាំងពីការប្រកាសនេះ ប្រជាពលរដ្ឋបានចុះឈ្មោះក្នុងកម្មវិធីជាង ២០១.៥៩៥នាក់ ក្នុងនោះរាជធានីភ្នំពេញ ៨.៣៥៣ នាក់ បាត់ដំបង ២៦៩៩ នាក់ សៀមរាប ១.៦១២ នាក់ ខេត្តកណ្តាល ៧៧៦ នាក់ ព្រះសីហនុ ៧៥៨ នាក់ និងខេត្តផ្សេងទៀតបានចុះឈ្មោះ ៧.៤០០ នាក់ » ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្រ្តីក្រសួងការងារ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់កាសែតខ្មែរថាមស៍ថា៖ «នាយករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខ និងថតរូប Selfie ជាមួយកម្មកររោងចក្រជាលើកទី ១១ ក្នុងរយៈពេល ៤ ខែ ដែលអនុញ្ញាតឱ្យលោកយល់ពីតម្រូវការរបស់ពួកគេយ៉ាងពេញលេញ ដូច្នេះលោកបានណែនាំដល់រោងចក្រឱ្យកែលម្អបរិយាកាសការងារ រួមទាំងការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ និងកម្មករពិការចាកចេញពីវេនការងារឱ្យបានមុនម៉ោងផងដែរ»។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យម្ចាស់រោងចក្រ និងសហគ្រាសចេញវិញ្ញាបនបត្រទទួលស្គាល់កម្មករនិយោជិតដែលមានបទពិសោធន៍ ដែលបានបម្រើការងារក្នុងវិស័យនេះអស់រយៈពេល ៣ ឬ ៥ ឆ្នាំ៕