សកម្មជនសង្គមរំឭកឡើងវិញពីព្រឹត្តិការណ៍ហិង្សានៅផ្លូវវេងស្រេង

«រយៈពេល ១០ឆ្នាំ ដែលខ្ញុំរង់ចាំយុត្តិធម៌គិតពីថ្ងៃទី០២ មករា ឆ្នាំ ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤។ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយរូប​ ខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត»។ នេះគឺជាការរៀបរាប់របស់លោក ថេង សាវឿន ប្រធានសមាគមបណ្តាញសហគមន៍កសិករកម្ពុជានៅថ្ងៃទី២មករា២០២៤។ បើតាម សកម្មជនសង្គមរូបនេះ  អ្វីដែលលោកនៅតែដិតដាមនោះ គឺគ្រប់រូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហានឆ័ត្រយោង៩១១ មកលើរូបលោក​។

ដោយភ្ជាប់នឹងការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារដល់កម្មករវិស័យកាត់ដេរ ចាប់ពីឆ្នាំ២០២៤នេះទៅ លោក ថេង សាវឿន គូសបញ្ជាក់ថា លោក និងជនរងគ្រោះផ្សេងទៀត កំពុងរង់ចាំយុត្តិធម៌១០ ឆ្នាំដោយសារតែការទាមទាតម្លើងប្រាក់ខែគោលឲ្យកម្មករ ១៦០ដុល្លារ កាលពីឆ្នាំ២០១៣។

 

អតីតជនរងគ្រោះរូបនេះ បានចាត់ទុក ការកាត់ក្ដីឲ្យលោកជាប់ពន្ធនាគាររយៈពេល ៤ខែ និង២៨ ថ្ងៃ ថាជាការសម្រេចក្តីដោយ អយុត្តិធម៌ និងថា លោកនៅតែតស៊ូមតិស្វែងរកយុត្តិធម៌ក្នុងទិដ្ឋភាពច្បាប់។

បើតាម លោក ថេង សាវឿន ក្នុងរយៈពេល១០ ឆ្នាំនេះ​ និងក្នុងនាមជាជនរងគ្រោះម្នាក់​ លោកស្នើទៅគណកម្មាធិកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣  ឲ្យជំរុញទៅតុលាការកំពូលទម្លាក់ការចោទប្រកាន់លើពួកគេ ដែលជាជនរងគ្រោះក្នុងព្រឹត្តិការណ៍ផ្លូវវេងស្រេង។

 

គួររម្លឹកថា ព្រឹត្តិការណ៍ផ្លូវវេងស្រេង កាលពី១០ឆ្នាំមុន គឺជាការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ ដែលអាជ្ញាធរចាត់ទុកថាមានអ្នកនយោបាយប្រឆាំងនៅពីក្រោយ។ សំណុំរឿងនេះក៏ត្រូវបានតុលាការទាញភ្ជាប់លោក កឹម សុខាដែរ  តែលោក កឹម សុខា បានបដិសេធ នៅពេលសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញកន្លងមក។

គួររម្លឹកថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចចម្រុះបានបាញ់ប្រហារដោយបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួសយ៉ាងតិច ៣៨នាក់ នៅគ្រាបង្រ្កាបទៅលើការតវ៉ាសុំដំឡើងប្រាក់ឈ្នួល ដោយសន្តិវិធីនៅលើមហាវិថីវេងស្រេង។ នេះបើតាមអង្គការលីកាដូ។

 

បើតាមអង្គការសិទ្ធិមនុស្សដដែលនេះ ការស៊ើបអង្កេតក្រោយមកទៅលើការបាញ់ប្រហារនេះត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់នេះទេ។ ផ្ទុយទៅវិញ កម្មករនិយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសក្រោមការចោទប្រកាន់ពី បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ៕