អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកដល់អាជ្ញាធរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគ មិនឱ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមបណ្តាទីផ្សារក្នុងភូមិសាស្ត្រខេត្តឡើយ ដើម្បីសម្រួលជីវភាពនិងការលក់ដូររបស់ពលរដ្ឋនៅតាមមូលដ្ឋាន។
យោងតាមលិខិត របស់លោក ជាម ច័ន្ទសោភ័ណ ផ្ញើជូនស្នងការដា្ឋននគរបាលខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងគណៈអភិបាលក្រុង-ស្រុក ចុះថ្ងៃនៅថ្ងៃទី ១៧ ខែវិច្ឆិកា បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តយ៉ាងហ្មត់ចត់នូវសារាចរ ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលដាក់ចេញដោយ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្មីៗនេះប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ក្នុងន័យនេះ ដើម្បីបង្ការភាពមិនប្រក្រតី ពីការប្រមូលភាស៊ីរបស់ជនខិលខូច ឬជនឆក់ឱកាសមួយចំនួន មកលើប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី រដ្ឋបាលខេត្ត ធ្វើការណែនាំដល់ស្ថាប័នខាងលើ ត្រូវអនុវត្តនូវវិធានការចាំបាច់មួយចំនួនគឺ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ ក្រើនរំឭកដល់លោកមេឃុំ ចៅសង្កាត់ ប្រធានគណៈកម្មការផ្សារ ប្រធានក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងការត្រួតពិនិត្យ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវសារាចរខាងលើ។
លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកនៅក្នុងសេចក្តីជូនដំណឹងថា៖ «ក្នុងករណី ក្រុមហ៊ុន អ្នកវិនិយោគប្រមូលភាស៊ី ឬបុគ្គល ណាមួយ នៅតែដើរប្រមូលភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលផ្ទុយនឹងខ្លឹមសារសារាចរខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវលុបកិច្ចសន្យាវិនិយោគ ជាបន្ទាន់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង»។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានតម្រូវឱ្យរៀបចំទីកន្លែងជូនបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង ប្រកបដោយសុវត្ថិភាព ព្រមទាំងមិនឱ្យមានការយកភាស៊ីពីប្រជាពលរដ្ឋនោះឡើយ។
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងការប្រើប្រាស់ដីចិញ្ចើមតាមដងផ្លូវសាធារណៈ ឱ្យប្រជាពលរដ្ឋលក់ដូរ ដែលនាំឱ្យមានបាត់សោភ័ណភាព កកស្ទះ ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ពាក់ព័ន្ធការមិនយកភាស៊ីនេះដែរ ក្នុងឱកាសអញ្ជើញជាធិបតីភាព វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏នឹងបន្ដអនុវត្តនូវការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស ព្រមជាមួយគោលនយោបាយនៃការអនុញ្ញាតឱ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរាងស្ដង់ដា ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ និងអ្នកដទៃទៀតបាន»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានតម្រូវឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដតាមដានត្រួតពិនិត្យយន្ដការនេះឱ្យបានច្បាស់លាស់ ដោយហេតុថា ខ្លាចមានការឆកល្វែងណាមួយកើតឡើង ខណៈកន្លងទៅនៅរាជធានីភ្នំពេញ ធ្លាប់មានបាតុភាពមិនសមរម្យមួយកើតឡើង ពាក់ព័ន្ធការយកភាស៊ីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី៕